រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី តោ ពិឡា បានស្នើរក្រុមហ៊ុន CPF យកផលិតផលពីរមុខរបស់កម្ពុជា រួមមាន ស្វាយចន្ទី និងម្រេច បញ្ចូលក្នុងគ្រឿងផ្សំនៃខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន ខណៈក្រុមហ៊ុននឹងពិនិត្យ និងធ្វើតេស្តសាកល្បង។

នេះបើតាមរយៈដំណើរបំពេញទស្សនកិច្ចដឹកនាំដោយលោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅរោចក្រកែច្នៃផលិតផលអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន CPF Food and Beverage Co., Ltd. នៅខេត្តឆាក់ឈើងសៅ ប្រទេសថៃ និងបានចុះទស្សនកិច្ចក្រុមហ៊ុន CPF (Thailand) Public Company Limitted កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
លោកស្រី តោ ពិឡា បានជួបពិភាក្សាការងារជាមួយ លោក Narerk Mangkeo នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន CPF Food and Beverage Co., Ltd. ដើម្បីស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មអាហារកែច្នៃ រួមមាន ការផលិតសាច់ក្រក អាហារចម្អិននិងវេចខ្ចប់សម្រេច សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស និងដាក់លក់នៅលើផ្សារទំនើបជាច្រើនក្នុងប្រទេសថៃ ដូចជា ផ្សារទំនើប Big C Makro 7eleven និងទីផ្សារដៃគូសេវាកម្មចំណីអាហារ ជាដើម។

លោកស្រី តោ ពិឡា និងគណ:ប្រតិភូ ក៏បានបន្តជួបជាមួយប្រធានជាន់ខ្ពស់អាជីវកម្មសាច់ជ្រូកកាត់ និងកែច្នៃ នៃក្រុមហ៊ុន CPF (Thailand) Public Company Limitted និងបានចុះទស្សនកិច្ចអំពីខ្សែច្រវាក់ផលិតកម្ម និងសិក្សាអំពីយុទ្ធសាស្ត្រទីផ្សារ ការរក្សាគុណភាព និងសុវត្ថិភាពសាច់ នៅរោងចក្របម្លែងសាច់ជ្រូកផ្ទាល់ផងដែរ។
ឆ្លៀតឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយស្វាយចន្ទី និងម្រេចរបស់កម្ពុជាទៅកាន់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនទាំងពីរយកផលិតផលទាំងពីរមុខនេះ បញ្ចូលក្នុងគ្រឿងផ្សំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ។
ជាការឆ្លើយតប ក្រុមហ៊ុននឹងទទួលយកនូវស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដើម្បីពិនិត្យ និងធ្វើតេស្តសាកល្បងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន៕



