វិនិយោគិនចិនមកពីខេត្តសានស៊ី ចង់វិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ទ្បោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃខេមបូឌា ស៊ីឃ្យូរឹធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទ្បោ ទិត្យច័ន្ទសុភក្តិ បានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានជម្រាបជូនគណៈប្រតិភូពីវិស័យអាទិភាពមួយចំនួនសម្រាប់គណៈប្រតិភូធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោក Darren និងគណៈប្រតិភូ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកមានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោកបានសន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។

សូមជម្រាបផងដែរថា ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។នៅក្នុងរយៈពេល២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕