លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា កំពុងពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគប្រទេសឥណ្ឌានាពេលអនាគត។លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការី កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ ឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញក្តីរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្ទឹមគ្នានេះ លោកថា តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ការអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។លោកថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ។
ឆ្លៀតឱកាសនោះ លោក ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេសផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីនាពេលនេះ នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសជួយដល់ការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិទ្វេភាគីកាន់តែប្រសើរមួយកម្រិតទៀត៕ អត្ថបទ៖ហ្សាលីន
