អគ្គកុងស៊ុលកិត្តិយសមកពីប្រទេសចំនួន៨ រួមមាន៖ ប្រទេសស៊ីប អ៊ីតាលី អាល្លឺម៉ង់ ស៊ុយអែត ហូឡង់មិចស៊ិចកូ អង់គ្លេស និងអូទ្រីស បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ដើម្បីកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

ការលើកឡើងពីបណ្តារប្រទេសទាំង ៨ ខាងលើនេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងជំនួបពិភាក្សា ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា អគ្គកុងស៊ុលកិត្តិយសចំនួន៨ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨ រួមទាំងបញ្ហាប្រឈម ផលិតផលទេសចរណ៍ថ្មីៗ និងការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រលើវិស័យទេសចរណ៍។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ កុងស៊ុលកិត្តិយសទាំង៨ប្រទេសខាងលើ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរដែលបានផ្តល់ជូនអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជាជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា។
សូមជម្រាបថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន៧សែន បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងជិត៣០ភាគរយ ខណៈភ្ញៀវទេសចរក្នុងស្រុក ទទួលបាន២២លាន៥២ម៉ឺននាក់ កើនឡើងប្រមាណ២០,១ភាគរយ។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កាលពីពេលថ្មីៗ៕

