កូនប្រុស ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ម៉ុក ច័ន្ទសុធា កូនប្រុស ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានតែងតាំងជា ប្រធានក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ម៉ុក ច័ន្ទសុធា ជាស្ថាបនិក និងគណៈប្រឹក្សាជាន់ខ្ពស់នៃ ការិយាល័យ មេធាវីសិទ្ធិស័ក្តិ។ លោកត្រូវបានចុះឈ្មោះជា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០០៩ និងចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ 

សម្រាប់បទពិសោធន៍វិជ្ជាជីវៈ ឯកឧត្តម បានបញ្ចប់ការសិក្សានៅឆ្នាំ២០០៦ ពីសាលាសាការីដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំង។ ឯកឧត្តម ចាប់ផ្តើមអាជីពជា ជំនួយការច្បាប់ និងអ្នកហាត់ការផ្នែកច្បាប់ ក្នុងមន្ទីសាការី Maître GÉRARD KAEUFLING។ លោកក៏បានធ្វើការនៅក្រុមហ៊ុនក្នុងស្រុកដែល ប្រឹក្សាផ្នែកច្បាប់ និងការវិនិយោគក្នុងតំបន់ដែលមានឯកទេសក្នុងទីផ្សារកំពុងរីកចម្រើន ហើយត្រូវបានតែងតាំងជា ទីប្រឹក្សាច្បាប់នៅក្រុមហ៊ុនកសិ-ឧស្សាហកម្មដ៏ធំមួយ ក្នុង ប្រទេសកម្ពុជា។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនធំៗទាំងកម្ពុជា និងអន្តរជាតិលើប្រតិបត្តិការផ្សេងៗ រាប់ចាប់ពីវិវាទ ការវិនិយោគ អចលនទ្រព្យ និងសំណង់ សម្បទានដីសេដ្ឋកិច្ច ដោយផ្តោតលើប្រេងដូង កៅស៊ូ និងអំពៅ ការបង្កើតក្រុមហ៊ុន ការពង្រីកអាជីវកម្ម បញ្ហាការងារ កិច្ចសន្យាពាណិជ្ជកម្ម មូលបត្រ និងបញ្ហាក្ស័យធន។

ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចធិបតី តាំងពីឆ្នាំ២០១២ មក ឯកឧត្តម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមពិសេសផ្សេងៗ ដើម្បីសិក្សា និងវិភាគលើបញ្ហានានា និងផ្តល់យោបល់អំពីដំណោះស្រាយដែលមានប្រសិទ្ធិភាពបំផុត។

ក្រៅពីភាសាខ្មែរ លោកអាចនិយាយភាសាបារាំង និងអង់គ្លេស។

ចំពោះកម្រិតវប្បធម៌ ឯកឧត្តម ម៉ុក ច័ន្ទសុធា បានបញ្ចប់ការសិក្សាពីសាលា Lee Kuan Yew Senior Fellowship in Public Service (ឆ្នាំ២០២២), បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈសាការី សាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង (ឆ្នាំ២០០៦), បរិញ្ញាបត្រជាន់ខ្ពស់ ច្បាប់ស្តីពីសកម្មភាពសហគ្រាសពាណិជ្ជកម្ម សាកលវិទ្យាល័យ លុយមីញែរលីយ៉ុង២ ប្រទេសបារាំង (ឆ្នាំ២០០៥) និងបរិញ្ញាបត្រ នីតិសាស្ត្រ សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០០៤)៕