សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានចុះកិច្ចសន្យាជាជាមួយ ក្រុមហ៊ុន ហ៊្វុកស៍ (ខេមបូឌា) ឯ.ក នៅក្នុង ខេត្តត្បូងឃ្មុំ ផ្គត់ផ្គង់ម្រេចស្ងួត ១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ/គីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព។

ពិធីចុះកិច្ចសន្យាស្តីពី «ការផលិត និងផ្គត់ផ្គង់ ម្រេចស្ងួត» នេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រោមសក្ខីភាពលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថាសារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិកទាំងអស់ពីការប្រែប្រួលថ្លៃ ព្រមទាំងបានណែនាំឱ្យនាយកដ្ឋានកសិឧស្សាហកម្ម បន្តសម្របសម្រួលកិច្ចសន្យា លក់-ទិញ ម្រេច បន្ថែមទៀត។
គួរបញ្ជាក់ថា កិច្ចសន្យានេះ មានទំហំគិតជាទឹកប្រាក់ចំនួនប្រមាណ ៧០ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់ម្រេចស្ងួត ១០០តោន ក្នុងតម្លៃថេរ ៧ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ម្រេចស្តង់ដាសុវត្ថិភាព ដែលជាតម្លៃល្អលើសពីតម្លៃមធ្យមនៅលើទីផ្សារប្រមាណ១០%៕


