ក្រុមហ៊ុនកាត់ដេរមួយនៅចិន ចាប់អារម្មណ៍បើករោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនកាត់ដេរ Nanchang Shunmin បានបង្ហាញពីចំណាប់អារម្មណ៍ និងពិនិត្យលទ្ធភាពក្នុងការបើករោងចក្រកាត់ដេរនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងនិងតំបន់សេដ្ឋកិច្ចពិសេសមហាថេនខេត្តស្វាយរៀង ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើក្នុងជំនួបពិភាក្សាការងាររវវាងលោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉េកាំង ប្រទេសចិន ជាមួយ ក្រុមហ៊ុនកាត់ដេរ Nanchang Shunmin ក្នុងគោលបំណងស្វែងយល់ពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា កាលពីសប្តាហ៍មុន។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេស គឺជាតំបន់ស្ថិតនៅទីតាំងប្រកបដោយយុទ្ធសាស្ត្រ សក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រៀមរួចជាស្រេច ដែលផ្ដល់ភាពងាយស្រួលដល់គ្រប់សកម្មភាពវិនិយោគ។ ក្នុងរយៈកាលជិត ២០ ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពទុនវិនិយោគនៅកម្ពុជា។

ជាក់ស្តែងគិតក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ គម្រោង ក្រោមទុនប្រមាណ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៣គម្រោង។​ចំណែកទុនវិនិយោគច្រើនជាងគេមកពីប្រទេសចិន ប្រមាណ ៨៦,៧៥%៕