វៀតណាមនាំចូលកៅស៊ូពីកម្ពុជាជិត១លានតោន មានទឹកប្រាក់ជាង១,២ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ទិន្នន័យគយរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជានិងវៀតណាម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥បានឱ្យដឹងថា ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិដ៏សំខាន់របស់វៀតណាម។ ក្នុងនោះ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាអ្នកវិនិយោគឈានមុខគេនៅក្នុងកៅស៊ូធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០០០០ ហិចតា និងរោងចក្រកែច្នៃចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសពត៌មានដដែលនេះបានឱ្យដឹងទៀតថា ក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារនាំចេញដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់កៅស៊ូធម្មជាតិ ។ ភាគច្រើននៃកៅស៊ូធម្មជាតិដែលផលិតនៅវៀតណាម និងនាំចូលពីកម្ពុជា ត្រូវបាននាំចេញទៅប្រទេសចិន។ ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញកៅស៊ូធម្មជាតិ ១,៤៥ លានតោនទៅកាន់ប្រទេសចិន ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ។ ទីផ្សារនាំចេញសំខាន់ៗផ្សេងទៀតរបស់វៀតណាមរួមមានសហភាពអឺរ៉ុបអាមេរិក កូរ៉េ និងជប៉ុន។

យ៉ាងណាបើតាមរបាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូ បានឱ្យដឹងថា នៅពេញមួយឆ្នាំ២០២៤ កម្ពុជាផលិតផលជ័រកៅស៊ូបានជាង៤០ម៉ឺនតោន កើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២៣ រកចំណូលបានជាង៦៦៣លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង៣៤%៕