រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារជំនាញ ដោយរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការសំខាន់ៗចំនួន ៣ រួមមាន៖ ១.ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ២.ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍នៅតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា។ ៣.បច្ចុប្បន្នភាពនៃការងាររៀបចំ Travel Bubble។
ក្រសួងទេសចរណ៍ បានខិតខំប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាឱកាសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈផែនទីចង្អុលផ្លូវក្នុងការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕