ក្រុមហ៊ុនចំនួន១២ គ្រោងបោះទុន២០០លានដុល្លារ វិនិយោគនៅខេត្តតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងតាមរយៈបណ្តាញតេលេក្រាមផ្ទាល់ខ្លួននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ថា ក្រុមហ៊ុនចំនួន ១២ នឹងមកធ្វើការវិនិយោគនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ក្នុងទំហំទុនវិនិយោគ ទឹកប្រាក់ ២០០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិសារអាហារ និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន ១២ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនទាំង១២ ដែលមានបំណងមកធ្វើការវិនិយោគនៅក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងវិនិយោគលើវិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងសំអាង។

បើតាមឯកឧត្តមអភិបាលខេត្តតាកែវ គម្រោងនេះនឹងមានវត្តមាននៅលើទឹកដីខេត្តតាកែវឆាប់ៗនេះ  ខណៈនឹងផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ១៣.០០០នាក់ សម្រាប់ជំហានទី១។

សូមបញ្ជាក់់ថា ពេលថ្មីៗនេះ ក្រុមអ្នកវិនិយោគ​ក៏បានសម្រេចចិត្តទៅបើករោងចក្រចំនួន ៥នៅខេត្តតាកែវ ដែលអាចស្រូបទាញការងារជូនបងប្អូនប្រជាពលរដ្ឋបានរាប់ពាន់នាក់ផងដែរ។

ជម្រាបបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគក្នុងស្រុក ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀ ត។ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តតាកែវ ក៏បានចូលរួមប្រឹងប្រែងចរចា កៀរគរវិនិយោគមកបណ្ដាក់ទុនផងដែរ ដោយអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលសមរម្យ បន្ថយការចំណាកស្រុក និងអាចកាត់បន្ថយភាពក្រីក្រ៕