កម្ពុជា ប្រកាសផ្តល់ជំនួយដំបូង១០ម៉ឺនដុល្លារ ដល់មីយ៉ាន់ម៉ា ក្នុងគ្រោះរញ្ជួយដី

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះរបស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្មបាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្ពុជាក៏បង្ហាញនូវសាមគ្គីភាព និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ាន និងឆ្លើយតបយ៉ាងសកម្ម ដោយ ប្រទេសសមាជិកអាស៊ានមួយចំនួន ជាពិសេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងការប្រើប្រាស់យន្តការមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាម៉េរិក) ដល់ប្រទេសមីយ៉ាន់ម៉ា ហើយយើងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ច ខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។ យើងរីករាយដែលបានឮប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយ សង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ។

ឆ្លៀតឱកាសនេះ លោកក៏បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះជំនួយដែលបានផ្តល់ជូនដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះផងដែរ។

លោកក៏បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តក្នុងការស្មារតីសាមគ្គីភាពជាមួយប្រទេស មីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ក្នុង អំឡុងពេលដ៏លំបាកនេះ៕