ក្រុមហ៊ុនចិនចំនួន១៤ មកស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន១៤ ដែលមានមូលដ្ឋាននៅប្រទេសចិន បានមកទស្សនកិច្ច និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា សំដៅឈានទៅបោះទុនវិនិយោគនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោតាមជំនួបពិភាក្សារវាង លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង ដែលដឹកនាំដោយ លោក SU Youchao អនុប្រធានសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង និងតំណាងក្រុមហ៊ុន Guangxi Jinpei International Supply Chain Co., Ltd ព្រមទាំងអគ្គនាយកក្រុមហ៊ុនចំនួន១៤ ក្នុងវិស័យឧស្សាហកម្មកែច្នៃនិងវេចខ្ចប់ សំណង់ អប់រំ បច្ចេកវិទ្យា និងប្រព័ន្ធការពារសុវត្ថិភាព ​កាលពីចុងសប្តាហ៍។

ក្នុងឱកាសនោះ លោក លីម ឡោកពិសិដ្ឋ បានស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីទិដ្ឋភាពទូទៅនៃគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា បរិយាកាសធុរកិច្ច យុទ្ធសាស្រ្តជំរុញការនាំចេញ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការវិនិយោគ ជាពិសេសបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសហការនាពេលអនាគត រវាងធុរកិច្ចកម្ពុជា និងសមាជិកនៃសភាពាណិជ្ជកម្មប្រចាំទីក្រុងណាននីង ផងដែរ។

ជាការឆ្លើយតប លោក SU Youchao បានសម្តែងការកោតសរសើរចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីភាគីកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់គណៈប្រតិភូទាំងអស់ ក្នុងការចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ បន្ថែមពីនេះ លោក ក៏បានគូសបញ្ជាក់អំពីគោលបំណងនៃកិច្ចពិភាក្សា រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកែច្នៃ និងការវេចខ្ចប់ ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រី និងនិស្សិតកម្ពុជា ផងដែរ។

សូមជម្រាបថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ប្រភពដដែល បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។នៅក្នុងរយៈពេល២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖​ហ្សាលីន