ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៤៨ នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ធូប៥) លាច៥ ផ្កា៥ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់ពានមួយគូ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។
បើតាមការឱ្យដឹងពីសៀវភៅ «មហាសង្ក្រាន្ត» ពេលវេលានៃថ្ងៃសង្ក្រាន្ត ទាំង៣ថ្ងៃរួមមាន ៖ ថ្ងៃទី១ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ០៤ និង៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត)។ ថ្ងៃទី២ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមេសា ជាវារៈវ័នបត។ និងថ្ងៃទី៣ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមេសា វេលាម៉ោង ០៨ និង២៧នាទី ៣៦វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ តទៅ៕
