កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ «កិច្ចសន្យាទំហំ៤០ម៉ឺនដុល្លារ»មួយទៀត សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts។នេះបើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឃឹម ហ្វីណង់ បានឱ្យដឹងបន្តថា បូករួមនឹងកិច្ចសន្យាកាលពីដើមសប្តាហ៍កន្លងទៅ សហគមន៍របស់យើងបានលក់គ្រាប់ស្វាយចន្ទីបានសរុបជាង១លានដុល្លារ រួចជាស្រេចរហូតមកដល់ពេលនេះ ដែលធ្វើឱ្យយើងលែងព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះទៀតហើយ។ គ្រាប់ស្វាយចន្ទីដែលនៅសេសសល់នឹងត្រូវបានប្រមូលសម្ងួតទុក ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។

សូមបញ្ជាក់ថា កិច្ចសន្យានេះធ្វើឡើងក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង ដោយក្រុមហ៊ុននឹងផ្តល់ជូន ១០០៛/គីឡូក្រាម បន្ថែមពីតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនអាចផ្តល់ជូនដល់សហគមន៍ក្នុងថ្ងៃទី៣០ ខែមីនានេះ តម្លៃ៥៩០០៛/គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម ដែលមានកម្រិតភាគរយសាច់ ២៨%។នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីនាំពាក្យខាងលើ៕អត្ថបទ៖ ហ្សាលីន

