មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហគមន៍ព្រៃឈើចាន់សជើង បានទទួលសំណងពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិ សៀមរាប-អង្គរ ដែលបានសាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ព្រៃសហគមន៍ នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានផ្តល់នូវអនុសាសន៍ចំនួន ៥ ទាក់ទងនឹងប្រាក់សំណង ដែលក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិសៀមរាប-អង្គរ សងចំពោះផលប៉ះពាល់ដល់សហគមន៍ព្រៃឈើ ចាន់សជើង ទី១.ក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិសៀមរាប-អង្គរ សាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ព្រៃសហគមន៍ ត្រូវគោរពតាមទំហំ និងទីតាំង ដែលបាន ឯកភាពគ្នារវាងភាគីក្រុមហ៊ុន និងសហគមន៍ព្រៃឈើ ដែលបានចែងក្នុងកិច្ចសន្យា។ ២.ថវិកា ដែលបានមកពីប្រាក់សំណង ត្រូវប្រើប្រាស់សម្រាប់ផលប្រយោជន៍ រួមសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងសហគមន៍ព្រៃឈើចាន់សជើង។ ការប្រើប្រាស់ថវិកា ត្រូវមានការឯកភាពគ្នារវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ សមាជិកក្រុមប្រឹក្សាឃុំចាន់ស និង រដ្ឋបាលព្រៃឈើ និងមានការយល់ព្រមពីប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍ព្រៃឈើ។ ៣.ការប្រើប្រាស់ថវិកាត្រូវមានការកត់ត្រា មានបញ្ជីចំណាយច្បាស់លាស់ និងត្រូវរាយការណ៍ជូនសមាជិកសហគមន៍ព្រៃឈើ ទៅតាមអនុលោមលក្ខន្តិក របស់សមាគម។ ៤.ត្រូវប្រើប្រាស់ថវិកាឱ្យបានសមស្រប និងមានតម្លាភាព។ ការប្រើប្រាស់ ថវិកា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងចេតនាកែងបន្លំ ទុច្ចរិត និងរំលោភលើសេចក្តីទុកចិត្ត ត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន។ និងទី៥.ត្រូវបង្កើតបរិយាកាសសាមគ្គីភាពផ្ទៃក្នុងរវាងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋជាសមាជិកសហគមន៍ព្រៃឈើដើម្បីជម្រុញការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក ង៉ាន់ ភិរុណ បានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះសិក្សាវាយតម្លៃធនធានព្រៃឈើ ការធ្វើសារពើភ័ណ្ឌ និងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសម្របសម្រួលជាមួយសហគមន៍ព្រៃឈើ ដើម្បីកំណត់ផលប៉ះពាល់នានា ដែលបានកើតមានឡើងនៅក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការសាងសង់ផ្លូវល្បឿនលឿន រហូតឈានដល់ការឯកភាពគ្នារវាងភាគីពាក់ព័ន្ឋទាំងអស់ក្នុងការប្រគល់ និងទទួលប្រាក់សំណង ដែលក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិសៀមរាប អង្គរ សង់ប៉ះពាល់ដល់សហគមន៍ព្រៃឈើចាន់សជើងផងដែរ៕