ធនាគារជាតិនៃកម្ពុជា បានប្តេជ្ញាជំរុញ និងកៀរគរប្រភពហិរញ្ញប្បទាន ដើម្បីឈានទៅគាំទ្រដល់គោលដៅ សម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន។

នេះបើតាមការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទស្តីពី “ហិរញ្ញវត្ថុអន្តរកាល សម្រាប់អនាគតនៃការបន្ថយឧស្ម័នកាបូនិចដល់កម្រិតសូន្យ” ក្នុងឱកាសនៃការចូលរួមក្នុងវេទិកាបូអាវសម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន កាលពីចុងសប្តាហ៍។

នាឱកាសនោះ ជា សិរី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមសម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន ដែលក្នុងនោះរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តចាំបាច់ជាច្រើន។
ហេតុនេះ លោកស្រីថា ដើម្បីបង្កើនសកម្មភាពកាត់បន្ថយនិងបន្សាំជាមួយការប្រែប្រួលអាកាសធាតុ។ ក្នុងនាម ធនាគារជាតិនៃកម្ពុជា លោកស្រី បានលើកទ្បើងពីតួនាទីជាសារវន្ត និងយ៉ាងសកម្ម ក្នុងការជំរុញ និងកៀរគរប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គោលដៅកាត់បន្ថយអព្យាក្រឹតកាបូនដែលបានដាក់ចេញនេះ។
សូមជម្រាបជូនថា កម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងទិសដៅឆ្ពោះសម្រេចបាននូវការកាត់បន្ថយបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី ឱ្យនៅកម្រិតសូន្យ ក្នុងឆ្នាំ២០៥០។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានាដែលមានចំណាប់អារម្មណ៍។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាបផងដែរ៕ អត្ថបទ៖ ហ្សាលីន