ជប៉ុន ផ្តល់ជំនួយដល់កម្ពុជាជិត១១លានដុល្លារ គាំទ្រដល់គម្រោងចំនួន ២

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធសម្រាប់អនុវត្តគម្រោងផ្តល់ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រអង្គភាពCMAC លេីគម្រោងចំនួន២ ប្រមាណជិត១១លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ តំណាងឱ្យលោក អូន​ ពន្ធ័មុន្នីរត្ន័​ និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​ជប៉ុន្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

គម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាម៉េរិក​ និងគម្រោងសម្រាប់គាំទ្រក្រសួង២ផ្សេងទៀតសរុប៤គម្រោង។

គម្រោងទាំង២នោះរួមមាន៖​

១. គម្រោងទី១​ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMACលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។ គម្រោងនេះមានថវិកាសរុបចំនួន១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារអាម៉េរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដេីម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។

២.​ គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ​ សរុបកើនដល់ចំនួន២.៧៥១លានយ៉េន ប្រមាណជិត២០លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន