៣ខែ ឆ្នាំ២០២៥ ចិននៅតែឈរលំដាប់ទី១ខាងគម្រោងវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា រយៈពេល៣ខែឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧២គម្រោង ក្នុងនោះក្រុមហ៊ុនវិនិយោគរបស់ចិន បានឈរនៅលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដែលមានចំណែករហូតដល់ជិត៨០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី បានឱ្យដឹងដូច្នេះក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោកបានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគមកកាន់តែច្រើនបន្ថែមទៀត ជាពិសេសក្រុមហ៊ុនចិន ខណៈក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនវិនិយោគិនរបស់ចិន ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា បានឈរនៅលំដាប់លេខ១ និងលេខ២ស្ទើតែជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបទាំងអស់ដែលមកពីប្រទេសចិន មានប្រមាណជា៥០% នៃគម្រោងដែលបានអនុម័ត។

ជាមួយគ្នានេះ លោកបានលើកឡើងថា ការជ្រើសរើសរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន ក្នុងការវិនិយោគនិងបណ្តាក់ទុន ក្នុងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ ឧបករណ៍ពិសេសនៅកម្ពុជា ដើម្បីផ្តល់សេវាត្រួតពិនិត្យឧបករណ៍ផ្សេងៗដូចជា ឡចំហាយ ធុងសម្ពាធ ជណ្តើរយន្ត គ្រឿងចក្រលើស្ទួចទម្ងន់ យានយន្តលើកស្ទូចទំនិញក្នុងរោងចក្រ រ៉ត់ជិះលេងកម្សាន្ត និងកន្រ្ទកខ្សែកាប គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ។

លោកបានបន្ថែមថា ការបង្កើតមជ្ឈមណ្ឌលនេះ គឺជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍ពិសេសទាំងនេះជាប្រចាំ។

ទន្ទឹមគ្នានេះ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគ បន្ថែមលើការនាំយកនូវបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា ,បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញបច្ចេកទេស ដល់និយោជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងផ្តល់សេវា និងការគាំទ្រគ្រប់បែបយ៉ាង ដើម្បីធានាថាក្រុមហ៊ុនដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា អាចរីកលូតលាស់ជាបន្តបន្ទាប់។