ជំងឺមិនឆ្លង បណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%។ ជំងឺមិនឆ្លងសំខាន់ៗចំនួនបួនរួមមានជំងឺសរសៃ ឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ៨០% នៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែមប្រភេទ ២ និងលើសពី ៣០% នៃជំងឺមហារីកអាចចៀសវាងបាន ដោយការឈប់ពិសាបារី និងគ្រឿងស្រវឹង ការបរិភោគអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ។

លោកបានបញ្ជាក់ទៀតថា «តាមការសិក្សារបស់អង្គការសុខភាពពិភពលោក ជំងឺមិនឆ្លងមានតម្លៃស្មើនឹង ៦,៦% នៃផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា និងបណ្តាលឱ្យខាតបង់ ១,៥ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ នេះជាការកើនឡើងនៃបន្ទុកហិរញ្ញវត្ថុបណ្តាលមកពីការវិវត្តប្រជាសាស្ត្រ នៅបណ្តាឆ្នាំខាងមុខ»។ ប្រទេសអភិវឌ្ឍន៍បានជួបប្រទះនឹងនិន្នាការនេះរួចហើយ។ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ពួកគេត្រូវចំណាយ ៣០% នៃផលកំណើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះ និងផលប៉ះពាល់នៃភាពចាស់ក្នុងសង្គម។ នេះគឺជាហេតុ ផលមួយដែលសហគមន៍អន្តរជាតិបានកំណត់ជាគោលដៅសុខភាពមួយ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព គឺកាត់បន្ថយការស្លាប់មុនអាយុបណ្តាលមកពីជំងឺមិនឆ្លងចំនួន ៣០% នៅឆ្នាំ២០៣០។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងបន្ថែមថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជានឹងប្រឈមមុខនឹងបញ្ហាសុខភាព-សង្គមពីរ។ ម៉្យាង ការចំណាយលើការ ព្យាបាលនឹងកើនឡើង ពីព្រោះមនុស្សចាស់កាន់តែច្រើននឹងកើតជំងឺចម្រុះច្រើនមុខ និងជំងឺរ៉ាំរ៉ៃ ដែលការថែទាំមាន រយៈពេលវែង និងចំណាយច្រើន។ ម៉្យាងទៀត មូលដ្ឋានធនធានសម្រាប់ការផ្តល់ហិរញ្ញប្បទាននឹងកើនឡើងតិចតួច ដោយសារនឹងមានអត្រាយុវជនសកម្មតិចជាងមុន ដែលអាចចូលរួមចំណែកក្នុងការផ្តល់ហិរញ្ញប្បទានដល់ការចំណាយ លើសុខភាព តាមរយៈពន្ធ និងវិភាគទានសន្តិសុខសង្គម៕