គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ ពេលនេះសម្រេចការសាងសង់បានប្រមាណ ៥២,៨%ហើយ។ នេះបើតាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា បានលើកឡើងថា ការអភិវឌ្ឍអាងទឹកដងកាំបិត គឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតរួមមាន ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ក្រោយការសាងសង់រួច គម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោម បានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោនទៅ៥,៤តោនក្នុងមួយហិកតា ដល់ប្រជាកសិករ ចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុក បារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕




