ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្តេជ្ញាជំរុញ និងពង្រឹងវិស័យវាយនភណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន។

លោកលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ (Cambodia Global Textile Summit 2025) ក្រោមប្រធានបទ «ការបង្កើតអនាគត៖ ការប្រកួតប្រជែង និងនិរន្តរភាព» ដែលរៀបចំដោយសមាគម TAFTAC, អង្គការអន្តរជាតិខាងការងារ (ILO), សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia), អង្គការ GIZ ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន។ លោករដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាស្វែងរកផ្លូវដើម្បីកែលម្អស្តង់ដាការងារ ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តសេដ្ឋកិច្ចចក្រា និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកជាសកល ក្នុងការពង្រឹងសមត្ថភាពរបស់វិស័យវាយនភណ្ឌឱ្យមានភាពរីកចម្រើន ចំពេលមានការផ្លាស់ប្តូរសេដ្ឋកិច្ចសកល និងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខរបស់កម្ពុជា។

ជាមួយគ្នានេះ លោកថា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្រសួងការងារ បានប្តេជ្ញា គាំទ្រ លើកកម្ពស់ និងពង្រឹងវិស័យវាយនភណ្ឌ ដែលជាសសរស្តម្ភដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លោកថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ផលិតផលវាយនភណ្ឌដ៏សំខាន់ ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា (Cambodia Global Textile Summit 2025)នេះ ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ម្ចាស់ម៉ាកអន្តរជាតិ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម តំណាងនិយោជក អង្គការតំណាងកម្មករនិយោជិត ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់អាជីវកម្មដែលកំពុងស្វែងរកប្រភពទំនិញ សេវាកម្ម និងការផលិត៕ អត្ថបទ៖ ហ្សាលីន