ស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “កសាងអនាគត៖ បង្កើនភាពកួតប្រជែង និងចីរភាព” ដើម្បីរួមគ្នាជំរុញវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥៖ ១.សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ២.គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ៣. ការអនុវត្តឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព ៤.យន្តការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគតស្របតាមរបត់សេដ្ឋកិច្ចជាសកល និង៥.ការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា។

តាមរយៈកិច្ចប្រជុំកំពូលនេះ ស្ថាប័នពាក់ព័ន្ធ រំពឹងថា អ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន៕ អត្ថបទ៖ ហ្សាលីន
