ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ក្នុងស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ឆ្នាំ២០២០នេះ ពន្ធដារប្រមូលពន្ធបានចំនួន ១១ ៧០០,៥២ ប៊ីលានរៀល ស្មើប្រមាណជា ២ ៨៨៩,០២លានដុល្លារអាមេរិក។
ចំនួននេះ ស្មើនឹង ១០១,៣៦% នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករ ប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថា កើនឡើងចំនួន ៤២៣,២០ ប៊ីលានរៀលស្មើប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិកស្មើនឹង ៣,៧៣%។

លទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩៧២,២៧ ប៊ីលានរៀលស្មើប្រមាណជា ២៤០,០៧ លានដុល្លារអាមេរិកស្មើនឹង ៨,៤២% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០១៩ ឃើញថា កើនឡើងចំនួន ១៩២,១១ ប៊ីលានរៀលស្មើ ប្រមាណជា ៤៧,៤៣លានដុល្លារអាមេរិកស្មើនឹង ២៤,៦២%។
