សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាពេលខាងមុខ កម្ពុជានឹងមានស្ពានក្រោមទឹក ខណៈបច្ចុប្បន្នសមិទ្ធផលស្ពានអាកាសបានកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រោមស្នាដៃកូនខ្មែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ស្ពានអាកាសមរតកតេជោ» ដែលជាស្ពានស្ថាបនាដោយកូនខ្មែរ តម្លៃជាង៣៦លានដុល្លារ ជាផ្លូវការ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនោះសម្តេចធិបតី បានថ្លែងថា «ពីមុនយើងមិនមានផ្លូវក្រោមដីនោះទេ ឥឡូវយើងមានផ្លូវក្រោមដីទោះបីមិនវែងរាប់គីឡួក៏ដោយ ហើយពីមុនយើងមានស្ពានលើទឹក និងស្ពានលើថ្នល់ ឥឡូវនេះយើងមានស្ពានលើស្ពាន(ស្ពានមានកម្ពស់ពីរជាន់)។ ហើយខ្ញុំសង្ឈឹមថា យើងនឹងមានលទ្ធភាពក្នុងការកសាងបន្តទៀត ព្រោះប្រជាពលរដ្ឋកាន់តែច្រើនឡើង»។
សម្តេចធិបតី បានថ្លែងបន្តថា «រាជរដ្ឋាភិបាលបានខិតខំរកវិធីកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលមានស្ពានអាកាសកម្ពស់២ជាន់ ស្ពានក្រោមដី ស្ពានលើទឹក ហើយឥឡូវកំពុងតែគិតគូរសិក្សាថ្ងៃក្រោយខ្ញុំសង្ឈឹមថាយើងនឹងមានស្ពានក្រោមទឹកឆ្លងទន្លេបន្ថែមទៀត»។
សូមជម្រាបជូនថា ពាក់ព័ន្ធនឹងគម្រោងស្ពានក្រោមទឹកនេះ កាលពីឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានបង្ហើបងដែរថា ទៅថ្ងៃមុខកម្ពុជា នឹងធ្វើផ្លូវ និងស្ពានក្រោមទឹកកុំឱ្យចាញ់ប្រទេសដទៃ ខណៈបច្ចុប្បន្ន កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗផងដែរ៕