ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជា ត្រៀមបញ្ជូនរដ្ឋមន្រ្តី១រូប និងឧបនាយករដ្ឋមន្រ្តី១រូប ទៅចរចាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដំឡើងពន្ធកម្ពុជា។

នះបើយោងតាមសម្តេចប្រសាសន៍សធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” កាលព្រឹកថ្ងៃទី៧ មេសា ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ខណៈកម្ពុជា បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានប្រតិកម្មតបទៅកាន់លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ទាក់ទងនឹងរឿងដំឡើងពន្ធរបស់អាមេរិកលើកម្ពុជា ខណៈសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា នឹងចរចាជាមួយអាមេរិក ទៅតាមយន្តការ និងនិតិវិធីការងារដ៏ច្បាស់លាស់ មិនមែនចេះតែប្រកាសតាមហ្វេសប៊ុកឡើយ។


បើតាមសម្តេចធិបតី មន្រ្តីជាន់ខ្ពស់ទាំង២រូបនោះ ដែលនឹងត្រូវជួវបចរចាជាមួយ ប្រធានាធិបតីអាមេរិ ដូណាល់ ត្រាំ គឺមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី៣ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីអាមេរិកចំនួន ៩៧ភាគរយ។ ជាមួយនឹងការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកពេលនេះ កម្ពុជាជាប្រទេសដែលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ តាមការប្រកាសរបស់រដ្ឋបាលលោកត្រាំ ការដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកនឹងចាប់ចូលជាធរមាននៅក្នុងសប្តាហ៍ក្រោយ៕ អត្ថបទ៖ ហ្សាលីន