សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា រដូវភ្ជុំបិណ្ឌកាលពីឆ្នាំមុន ប្រជាជនអាចសន្សំលុយបានរហូតដល់១លាន៤សែនដុល្លារ តាមរយៈជិះរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានអាកាសមរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា រដូវភ្ជុំបិណ្ឌកាលពីឆ្នាំមុន ប្រជាជនអាចសន្សំលុយបានរហូតដល់១លាន៤សែនដុល្លារ តាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃ ដោយអាចយកថវិកាទាំងនោះទុកសម្រាប់ការធ្វើបុណ្យទាន។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រដ្ឋសុខចិត្តចេញថវិកាមួយចំនួនដើម្បីថ្លៃរថយន្តដឹកដោយឥតគិតថ្លៃ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានអរគុណដល់ក្រុមហ៊ុនមួយចំនួនដែលបានផ្តល់ទឹកសុទ្ធ ភេសជ្ជៈ ជូនដល់បងប្អូនប្រជាពលរដ្ឋអំឡុងពេលធ្វើដំណើរលើរថយន្តក្រុងផងដែរ ដោយសម្តេចថានេះជាស្មារតីចូលរួមចំណែកយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ទៅលេងស្រុកកំណើត ខណៈសម្តេចធិបតី ក៏បានសរសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរួចរាល់ផងដែរ៕

