សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា(TAFTAC) បានឱ្យដឹងថា បច្ចុប្បន្ននេះ វិនិយោគិនវិស័យកាត់ដេររបស់កម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន ៦៥%និង១៥% ពីប្រទេសវៀតណាម។

ការឱ្យដឹងរបស់ TAFTAC នៅក្នុងទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលនៃរដ្ឋ Tamil Nadu និងសហភាពឧស្សាហកម្ម កម្មន្តសាល និងផ្គត់ផ្គង់អំបោះ ក្រណាត់ និងវាយនភណ្ឌឥណ្ឌា ដែលទទួលដំណើរដោយលោក Albert Tan អនុប្រធាន TAFTAC នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ សមាគម TAFTAC បានឱ្យដឹងថា បច្ចុប្បន្ននេះ វិនិយោគិនវិស័យកាត់ដេររបស់កម្ពុជាបាននាំចូលប្រហែល ៦៥% នៃវត្ថុធាតុដើមពីប្រទេសចិន ១៥% ពីប្រទេសវៀតណាម និងពីប្រទេសផ្សេងៗទៀត។
TAFTAC បានលើកឡើងថា ពេលវេលា lead time ខ្លីជាងមុនក្នុងការទិញគឺចាំបាច់ ដើម្បីឱ្យមានសក្តានុពលក្នុងការវិនិយោគលើវត្ថុធាតុដើមដល់រោងចក្រនៅកម្ពុជា ជាពិសេសនៅក្នុងពេលត្រៀមចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលតម្រូវឱ្យប្រទេសកម្ពុជាធ្វើដំណើរការបរិវត្តកម្មទ្វេដើម្បីទទួលបានការអនុគ្រោះ។

TAFTAC បានគូសបញ្ជាក់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញ គឺជាការវិនិយោគរបស់យើងលើធនធានមនុស្ស ហើយយើងអាចធ្វើការជាមួយគ្នាដើម្បីបង្កើនជំនាញបន្ថែមទៀតនៅក្នុងវិស័យពាក់ព័ន្ធ។
ជាការឆ្លើយតប គណៈប្រតិភូវិនិយោគផ្នែកអំបោះ និងក្រណាត់ឥណ្ឌា បានបង្ហាញការយល់ឃើញថា ប្រទេសកម្ពុជាជាទីផ្សារសក្តានុពលថ្មីមួយសម្រាប់អាជីវកម្ម និងការវិនិយោគ ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ TAFTAC ដើម្បីលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារមានគុណសម្បត្តិប្រកួតប្រជែងមួយចំនួន។
សូមជម្រាបជូនថា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានគូសបញ្ជាក់ក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ ២០២៥»ថា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ កើនឡើងជាង ២២% ក្នុងឆ្នាំ ២០២៤ រួមជាមួយនឹងការកើនឡើងនៃទុនវិនិយោគ និងការកើនឡើងនៃការបញ្ជាទិញពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះ កម្ពុជារំពឹងថា ការនាំចេញនឹងមានកំណើនដ៏រឹងមាំនឹងបន្តពេញមួយឆ្នាំ ២០២៥នេះផងដែរ៕
