ស្អែកនេះ!ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាន ខណៈដាក់ប្រើប្រាស់បណ្តោះអាសន្នមុនចូលឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែមសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ជាមួយគ្នានេះ ស្ពានខ្ពស់ជាងគេនៅកម្ពុជា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះក៏នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះផងដែរ។

សូមជម្រាបជូនថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ មាន​កម្ពស់​៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពាន​រចនាតាម​ស្តង់ដា​ចិន​ហាយ​វេ​កម្រិត​៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២​លានដុ​ល្លារ​អា​មេរិក។ស្ពាននេះ គ្រោងនឹងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕