ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ចំនួន៣តោន ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលជាព្រឹត្តិការណ៍ដំបូងគេ និងជាខេត្តមួយដែលមានវត្តមានលៀសហាលច្រើនលើសលប់ ល្បីល្បាញទូទាំងប្រទេស។

យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់បងប្អូនមួយចំនួនដែលមិនទាន់ដឹងអត្ថន័យពីព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមេសានេះ បានបកស្រាយពីអត្ថន័យព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដូចខាងក្រោម៖
១- ការរៀបចំលៀសហាល ១,០០០ម៉ែត្រ ព្រោះលេខ ១,០០០ មកពីភាសាសំស្ក្រឹត «សហស្ស” តំណាងឱ្យចំនួនដ៏ច្រើន ដូចជាគេប្រើថា «ឧសថសហស្សគុណ» ឱសថព្យាបាលជំងឺមួយ ពាន់មុខ ឬឱសថអាចព្យាបាលជំងឺច្រើនអនេក «សហស្សនេត្រ» ភ្នែកមួយពាន់ ឬភ្នែក អាចមើលឃើញទីអាថ៌កំបាំងបានយ៉ាងច្រើនភ្លាមៗ «សហស្សរង្សី» ពន្លឺព្រះអាទិត្យច្រើន អនេក “គាថាពាន់» គាថាជាភាសាបាលីសុទ្ធ មួយពាន់គាថា ក្នុងរឿងព្រះវេសន្តរ” ។ល។ ដូច្នេះ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ មានន័យថាខេត្តកំពង់ចាម ជាខេត្តមួយ ដែលមានវត្តមាន លៀសហាល ដ៏ច្រើនលើសលប់ ល្បីល្បាញទូទាំងប្រទេស។
២- លៀសហាល គឺជាមុខអាហារមួយប្រភេទ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ មិនត្រឹមតែជាមុខអាហារដ៏ មានឱជារសប៉ុណ្ណោះទេ លៀសហាល បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខ្មែរថែមទៀតផង។
៣- លៀសហាល ១,០០០ម៉ែត្រ ជាចំនួនដ៏ច្រើន គឺវាបង្ហាញអំពីឆន្ទៈនៃការដឹកនាំ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលជាមូលដ្ឋានក្នុងការរៀបចំ ពោលគឺបើគ្មានសន្តិភាព គ្មានការ ដឹកនាំ និងសាមគ្គីភាព ព្រឹត្តិការណ៍លៀសហាល ១,០០០ម៉ែត្រ នឹងមិនអាចរៀបចំបានឡើយ។ មិនតែប៉ុណ្ណោះ វាជាសារជូនទៅដល់ប្រជាពលរដ្ឋថា ខ្មែរធ្វើបាន ឱ្យតែរក្សាបាននូវសន្តិភាព នូវថ្នាក់ដឹកនាំដ៏ល្អរបស់យើង និងសាមគ្គីភាពរបស់ប្រជាជន។
សូមបញ្ជាក់ថា លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ រៀបចំតែមួយថ្ងៃ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីវេលាថ្ងៃត្រង់តទៅ។ ចំពោះទីតាំង គឺចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម។ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកំសាន្តនៅសង្ក្រាន្តកំពង់ចាម ពិសាដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាមក៏បានអំពាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម និងភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដោយសប្បាយរីករាយផងដែរ៕
