នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅខេត្តកំពត នាថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានថ្លែងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅផែនការប្រមូលចំណូល មានជាង៥លានដុល្លារ អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគរយ។ លោកថា ប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយ នៃផែនការ។

មន្ត្រីជំនាញបានឱ្យដឹងថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារពីការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅក្នុងខេត្តកំពត អនុវត្តបាន៩៧ភាគរយ នៃផែនការ ស្មើនឹងជាង៤លាន៩សែនដុល្លារ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានណែនាំដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរជំនាញត្រូវសហការគ្នាអោយបានល្អ ក្នុងការគ្រប់គ្រង និងប្រមូលចំណូល សួយសារពីការធ្វេីអាជីវកម្មរ៉ែគ្រប់ប្រភេទ ដេីម្បីប្រមូលថវិកាចូលរដ្ឋ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពីការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ លោកថា នឹងយកថវិការទាំងអស់ទៅអភិវឌ្ឍខេត្ត និងផ្ដល់ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត។