ក្រុមហ៊ុនមួយរបស់ចិន ចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅទីផ្សារចិន និងអន្តរជាតិតាមជើងយន្តហោះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd បានបង្ហាញពីបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ឌិត ទីណា បានស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។

លោកក៏បានណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជើងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំនេញទាំងអស់គ្នា៕