CDC ឱ្យវិនិយោគិនបន្តដំណើរការអាជីវកម្មជាប្រក្រតី និងជឿជាក់លើរដ្ឋាភិបាលជុំវិញរឿងដំឡើងពន្ធរបស់អាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើទៅកាន់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា ឱ្យបន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងជឿជាក់លើការដោះស្រាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធរឿងដំឡើងពន្ធរបស់អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថ្លែងបែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានាក្នុងរដ្ឋបាលតំបន់ និងវិនិយោគិនមួយចំនួននៅក្នុងតំបន់ផងដែរ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៅក្នុងតំបន់ កាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងវិនិយោគិន បានរាយការណ៍ពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខណៈវិនិយោគិនក៏បានលើកឡើងនូវបញ្ហាមួយចំនួន រួមមាន៖ ១. បញ្ហាប្រឈមដែលក្រុមហ៊ុនបាននិងកំពុងជួបប្រទះ ២. ការកង្វល់ទៅលើបញ្ហាពន្ធដែលសហរដ្ឋអាម៉េរិកបានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ, និង៣. សំណូមពរមួយចំនួនផងដែរ។

ជាការឆ្លើយតប លោក ជា វុទ្ធី បានជម្រាបជូននូវទិដ្ឋភាពពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងការផ្តល់កិច្ចសម្រួលនានាជូនអ្នកវិនិយោគ របស់មន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។

លោកបន្តថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាតែងតែខ្វល់ខ្វាយ និងមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វិនិយោគិន ជាក់ស្តែងករណីបញ្ហាពន្ធដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២៥មកម្លេះ។

ទន្ទឹមគ្នានេះ លោកក៏បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរងចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ 

សូមជម្រាបថា បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពត៌មានអំពីការកំណត់ពន្ធទៅលើបណ្តាប្រទេសនានា រួមទាំងប្រទេសកម្ពុជា នោះរាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់ ជាបន្តបន្ទាប់ ដើម្បីប្រមូលនូវធាតុចូលនានា ដើម្បីពិនិត្យ និងឆ្លើយតបទៅនិងភាគីសហរដ្ឋអាម៉េរិកវិញផងដែរ។

ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការចំនួន ២ ដែលចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចារទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា, ការបង្ហាញឆន្ទះក្នុងការបញ្ចុះអត្រាពន្ធរបស់កម្ពុជា ក្នុងកម្រិតអតិប្បរមាពី៣៥% មកនៅត្រឹម ៥%, និងស្នើឱ្យមានការពន្យាពេលសម្រាប់អនុវត្តន៍អត្រាពន្ធដែលបានកំណត់៕នេះបើយោងតាមការបញ្ជាក់បន្ថែមពី លោក ជា វុទ្ធី៕ អត្ថបទ៖ ហ្សាលីន