ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) រៀបចំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប (The 2nd Cambodia-Europe Public-Private Sector Dialogue) ដើម្បីជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចទ្វេភាគីកាន់តែប្រសើរ។

កិច្ចសន្ទនានេះ បានធ្វើឡើងកាលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham)ដែលទើបចូលកាន់តំណែង ព្រមទាំងភាគីពាក់ព័ន្ធទាំងកម្ពុជា និងអឺរ៉ុប។
កិច្ចសន្ទនាលើកទី២ នេះ បានពិភាក្សាជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប រួមមាន៖ ១.ការដឹកជញ្ជូន និងភស្តុភារកម្ម, ២.កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា ៣. វិស័យយានយន្ត ៤. នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ៥. ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។

លោក ស៊ុន ចាន់ថុល បានស្វាគមន៍វត្តមានរបស់ភាគីសហភាពអឺរ៉ុបមកកាន់កម្ពុជា ខណៈលោកក៏បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ (Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ។
នាឱកាសនោះ តំណាងវិនិយោគិនអ៊ឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។
តាមរយៈកិច្ចសន្ទនានោះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ លោកថា តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ហ្សាលីន
