ក្រុមហ៊ុនមួយ ទទួលទិញបន្លែសុវត្ថិភាពចំនួន ២២០ តោន ពីសហគមន៍កសិកម្មទំនើបក្នុងស្រុកត្រាំកក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ហ៊ុយ យន់ នឹងទទួលទិញបន្លែសុវត្ថិភាពចំនួន ២២០ តោន ពីសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» ក្នុងស្រុកត្រាំកក់ សម្រាប់រយៈពេល៦ ខែ ក្រោយក្រុមហ៊ុន និងសហគមន៍ខាងលើ បានសម្រេចរួមគ្នាចុះកិច្ចសន្យាលើរឿងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន២២០តោន សម្រាប់រយៈពេល៦ខែ ទៅកាន់ ក្រុមហ៊ុន ហ៊ុយ យន់ ក្នុងទំហំទឹកប្រាក់ជាង៣០០លានរៀល ស្មើនឹងតម្លៃជាមធ្យម ១៥០០៛ ក្នុងមួយគីឡូក្រាម ស្របពេលដែលបន្លែនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្ន មានតម្លៃត្រឹមតែ ៣០០៛/គីឡូក្រាម តែប៉ុណ្ណោះ។
 

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសហគមន៍កសិកម្មទំនើបរបស់យើងបានចុះហត្ថលេខាលើការធ្វើផលិតកម្មបន្លែតាមកិច្ចសន្យាក្នុងតម្លៃថេរមួយ បន្ទាប់ពីបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពរយៈពេលមួយឆ្នាំជូនដល់ក្រុមហ៊ុនត្រូភីខេម កាលពីពេលកន្លងទៅ។

ជាមួយនឹងការចុះកិច្ចសន្យាលើកនេះ ផលិតកម្មបន្លែទាំងអស់របស់សហគមន៍នឹងត្រូវបានធានាទិញដោយទីផ្សារក្នុងតម្លៃកំណត់ច្បាស់លាស់ ដែលអាចការពារសមាជិកសហគមន៍ពីហានិភ័យទីផ្សារ និងផ្តល់ភាពជឿជាក់លើទទួលបានប្រាក់ចំណេញផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម៕អត្ថបទ៖ ហ្សាលីន