ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្ទាប់ពីការចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ថាបនាខ្សែផ្លូវជាតិលេខ១០ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់ សម្តេចតេជោ ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី និងប្រទេសកម្ពុជាទាំងមូលឱ្យមានភាពប្រទាក់ក្រឡា។ដោយគម្រោងស្ថាបនាផ្លូវជាតិលេខ១០ និងសំណង់សិល្បការ្យនានា មកដល់ពេលនេះបានសម្រេចវឌ្ឍនភាពស្ទើរតែរួចរាល់ទាំងស្រុង។

លោកក៏បានលើកឡើងពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃខ្សែផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ។ លើសពីការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេស ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ ជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក។
ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងក៏បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។

ចំណែកផ្លូវជាតិលេខ១០ គឺជាប្រទេសផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងស្ថាបនាផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ មីនា ២០២០។គិតត្រឹមបំណាច់ខែមីនា ផ្លូវនេះសម្រេចវឌ្ឍនភាពការងារបានជាង ៩៦%ហើយ៕


