ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង។
បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។
ដោយឡែកក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង។
សូមបញ្ជាក់ផងដែរថា ត្រីមាសទី១ ឆ្នាំ២០២៥នេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់១,២ប៊ីលានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មាន២១៥លានដុល្លារ។ក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាមាន ៥៣,០៨% ចិនឈានមុខលំដាប់ទី២ មាន៤០,៥៤%៕


