រដ្ឋ ដាក់ឱ្យប្រើប្រាស់កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០២៥-២០២៨»ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ​​ ការប្រកាសដាក់ឱ្យប្រើប្រាស់«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។

សម្ដចបន្តថា លក្ខណៈពិសេស សម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន៖ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។ ទី២.​ យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យ​ស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធ​ផ្សេងៗទៀត ជាមួយនឹងក្រុមការងារ​តែម្តង ។ ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ទំហំទុន​វិនិយោគ ។

ទី៤. ការផ្តល់ហិរញ្ញប្បទាន​គាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន​ ដើម្បី​ដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។ ទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ​ ដោយរាជរដ្ឋាភិបាលបាន​សម្រេចផ្តល់ការលើកទឹកចិត្ត​ ដោយ​កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លាន​រៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន។

តាមរយៈការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីខាងលើ ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំក្រុមការងារជំរុញការវិនោយោគក្នុងភូមិភាគឦសាន​ត្រូវបំពេញភារកិច្ចរបស់ខ្លួន និងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ ឱ្យបានទូលំទូលាយ និងត្រឹមត្រូវ ដើម្បីធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគ​នេះ៕ អត្ថបទ៖ ហ្សាលីន