ភ្នំពេញ៖ របាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានឱ្យដឹងថា កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ ។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO)ខែមេសា ឆ្នាំ ២០២៥ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។»
ផលិតផលឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា ៤,៤% បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង៕
