តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានសម្រេចបន្តលើកទឹកចិត្តពិសេសដល់ខេត្តនេះ ចំនួន១៨គម្រោង ក្នុងទុនវិនិយោគប្រមាណ ២០៥លានដុល្លារអាមេរិក។

នេះបើយោងតាមកិច្ចប្រជុំលើកទី ១៥ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។

ប្រភពដដែលបានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន១៨ ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៥ គម្រោងថ្មីចំនួន១៣ ដោយគម្រោងទាំងនេះមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារអាមេរិក ដែលនឹងអាចផ្តល់ឱកាសការងារប្រមាណ ២ ៩១៦ កន្លែង ដូចជា រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រកែច្នៃកាកសំណល់ រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួមសណ្ឋាគារ និងស្ថានីយទូរទស្សន៍។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្របសម្រួលផ្សេងៗដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងថ្មីដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ ទោះបីគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល និងទោះបីគម្រោងនោះតូច មធ្យម និង ធំ។
បើតាមរបាយការណ៍ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិកគិតត្រឹមខែមេសា ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន

