ក្រសួងពាណិជ្ជកម្ម៖ អត្រាពន្ធគយបដិការ ៤៩% របស់សហរដ្ឋអាម៉េរិកសម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

លោក ដូណាល់ត្រាំ (Donald J. Trump) សម្រេព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ- អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។

ដោយក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការរួមមាន៖

១- យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ឯកឧត្តមប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

២- រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។

៣- ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។

ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុតដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង។

សូមរម្លឹកដែរថា កាលពីថ្ងៃទី៣ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីអាមេរិកចំនួន ៩៧ភាគរយ។ជាមួយគ្នានេះ ​កម្ពុជាក៏បានរៀបចំលិខិតពីរដែលបានជម្រាបជូនខាងលើ រួមមាន លិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលិខិតរបស់លោកជំទាវ ចម និម្មល ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។លើសពីនេះ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះផងដែរ៕