ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក សំដៅជំរុញការបើកការចរចារឿងពន្ធនាពេលខាងមុខ។នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ។

ប្រភពដដែល បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិចនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិច និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។
ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិចនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិចនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសជំរុញការវិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។
សូមជម្រាប់ថា ពាក់ព័ន្ធរឿងពន្ធនេះដែរ លោក ដូណាល់ត្រាំ (Donald J. Trump) បានសម្រេព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។
ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុតដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង៕ អត្ថបទ៖ហ្សាលីន