ក្រុមហ៊ុន BYB នឹងបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាចុងខែមេសានេះ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូ ក្រុមហ៊ុន BYD Auto Industry Co., Ltd. បានឱ្យដឹង ក្រុមហ៊ុនខ្លួន នឹងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ គណៈប្រតិភូក្រុមហ៊ុន BYD បានថ្លែងអរគុណចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជា រហូតឈានដល់ការត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយបចំពោះការជ្រើសរើសកម្ពុជា ជាមូលដ្ឋានដំឡើងរថយន្ត BYD មួយបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមគ្នានេះ លោក បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

តាមរយៈការបើកសាងសង់រោងចក្រនៅកម្ពុជានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ៕