យុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ បានអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ នេះ ដើម្បីចូលរួមស្ម័គ្រចិត្តរៀបចំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ដែលប្រព្រឹត្តិទៅនាខេត្តសៀមរាម។


ក្នុងដំណើទៅកាន់ខេត្តសៀមរាប គេឃើញមានវត្តមាន លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តទាំង៥៨៦នាក់ផងដែរ។
នៅក្នុងការជូនដំណើរនោះ លោកហ៊ុន ម៉ានី លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាន ថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្ត ចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ខណៈលោកក៏បានផ្ដាំផ្ញើដល់ប្អូនៗចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងកំឡុងពេលបំពេញភារកិច្ចនេះថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈប្អូនៗ លោកក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានអនុញ្ញាតឱ្យប្អូនៗបានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ៕ អត្ថបទ៖ ហ្សាលីន
