តម្លៃប្រេងសាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បានចុះថ្លៃ១៥០រៀល ក្នុងមួយលីត្រ ស្របពេលប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត និងដើរកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសានេះ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ត្រូវលក់រាយក្នុងមួយលីត្រ តម្លៃ៣,៧៥០រៀល សម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់រាយតម្លៃ៣,៥៥០រៀល ក្នុងមួយលីត្រ។
តម្លៃនេះ បើប្រៀបធៀបត្រឹមថ្ងៃទី១ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឃើញថា តម្លៃប្រេងសាំងនៅកម្ពុជាចុះថ្លៃ១៥០ រៀលក្នុងមួយលីត្រ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ៕
