កម្ពុជា-ថៃ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការទាក់ទាញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានបើកកិច្ចពិភាក្សាគ្នា ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទាក់ទាញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបពិភាក្សា ដែលបានធ្វើឡើង កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងស្វាគមន៍ឯកអគ្គរាជទូត ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ចាប់តាំងពីខែកុម្ភៈកន្លងទៅថ្មីៗ។

ទន្ទឹមគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតថ្មី  នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ខណៈលោកក៏បានធ្វើការកត់សម្គាល់លើការរីកចម្រើនថ្មីៗរបស់កម្ពុជាទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានាពីប្រទេសថៃនៅកម្ពុជាផងដែរ។

លោក បន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទងនឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារ ជាដើម។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ ទាំងពីរភាគី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងថៃ ពិសេសលើការងារអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត៕ អត្ថបទ៖ ហ្សាលីន