ប្រទេសចិន បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ បើគិតចាប់ពីឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ។ នេះបើយោងតាមវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

វេទិកាខាងលើនេះ បានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការវិវត្តនិងវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន សមិទ្ធផល បញ្ហាប្រឈម និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទស្សនវិស័យទៅអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាឱកាសនោះ លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា បានថ្លែងថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ ក៏បានផ្តល់នូវផ្លែផ្កាដ៏មហាសាលដល់កម្ពុជា ដែលចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥នេះ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ពាន់ លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ។
លោកបន្តថា វិស័យសំខាន់ទាំងនោះ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រ ជាដើម។ នេះបើយោងតាមប្រព័ន្ធទិន្នន័យ ( ODA Database) របស់គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ទន្ទឹមគ្នានេះ ក្រោមកិច្ចសហការទ្វេភាគីរវាងកម្ពុជា-ចិន លោកថា ក៏បានជំរុញដល់ការរីកចំរើនយ៉ាងខ្លាំងលើការវិនិយោគឯកជន ដែលនាំមកនូវផ្លែផ្កាជាផលប្រយោជន៍យ៉ាងច្រើនសន្លឹកសន្ធាប់ ក្នុងនោះទុនវិនិយោគរបស់ចិននៅកម្ពុជា បើគិតចាប់ពីទសវត្សឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥នេះ មានទំហំប្រមាណ ៣៦ ពាន់លានដុល្លារអាម៉េរិក។
សូមជម្រាបដែរថា បើគិតក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥)នេះវិញ ប្រភពទុនវិនិយោគចិន ក៏បានឈរនៅលំដាប់លេខ ១ ឬ ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណ ៣.៤២៣.៧៨១.២៧៤ លានដុល្លារអាម៉េរិក ស្មើនឹង ៤៩.៨២% នៃទុនវិនិយោគសរុបនៅកម្ពុជាផង។នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីជាន់ខ្ពស់ខាងលើ៕ អត្ថបទ៖ហ្សាលីន