ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB ថ្មីៗនេះបានចេញផ្សាយរបាយករណ៍ព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាថានឹងបន្តរក្សាបានកំណើនបន្តបន្ទាប់សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ ហើយនៅក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា វិស័យកសិកម្មរំពឹងថាមានកំណើន១% ក្នុងឆ្នាំ២០២៤ និង១,១% នៅឆ្នាំ២០២៦ ខណៈនៅឆ្នាំ២០២៤ វិស័យមួយនេះមានកំណើនត្រឹមតែ០,៩%។

របាយការណ៍ទស្សនវិស័យអាស៊ីខែមេសា ឆ្នាំ២០២៥របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា “វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង១% ក្នុងឆ្នាំ២០២៤ និង១,១% ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការនាំចេញ។ កំណើននេះត្រូវបានគាំទ្របន្ថែមទៀតដោយការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នាពេលថ្មីៗនេះជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េនិងការចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយតំបន់”។
ទាក់ទងនិងវិស័យកសិកម្មកម្ពុជានេះផងដែរ បើយោងតាមរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កន្លងទៅថ្មីៗនេះបានបង្ហាញថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។

ជាក់ស្តែង ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងន័យនេះ ការសិក្សា អំពីដំណើរវិវត្តនៃវិស័យកសិកម្មកម្ពុជានាពេលកន្លងមក រួមជាមួយនឹងនិន្នាការបច្ចុប្បន្ន និងសក្តានុពល នាពេលអនាគត គឺជារឿងចាំបាច់ដែលអង្គវេទិកាត្រូវជជែកពិភាក្សា៕
