ប្រធានាធិបតី ស៊ី ជីនពីង៖ ទ្រព្យ ២យ៉ាង ដែលចិនបបួលកម្ពុជាស្វែងរកនោះគឺសន្តិភាព និងការអភិវឌ្ឍ!

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារលិខិត របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានធ្វើឡើងមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា បានបញ្ជាក់ថា ទ្រព្យ២យ៉ាង ដែលចិនបបួលកម្ពុជាស្វែងរកនោះ គឺសន្តិភាព និងការអភិវឌ្ឍ។ ពោលគឺភាគីចិនត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយភាគីកម្ពុជា ដើម្បីការពារសន្តិភាព និងស្វែងរកការអភិវឌ្ឍប្រទេសទាំង២ ព្រមទាំងបង្កើតភាពរុងរឿងរួមគ្នា ជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីឱ្យទទួលបានសមិទ្ធផលជាក់ស្តែង ហើយចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងពិភពលោក ដែលកំពុងប្រឈមមុខនឹងការប្រែប្រួល និងភាពចលាចល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំចិន បានបង្ហាញជំហររឹងមាំក្នុងការងារការទូតជាមួយប្រទេសជិតខាង ពិសេសកម្ពុជាដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាបន្ន និងគោលនយោបាយមេត្រីភាព និងសុខដុមរមនីយកម្មជាមួយប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសជិតខាង ជំរុញឱ្យសមិទ្ធផលនៃទំនើបកម្មបែបចិន ផ្ដល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង រួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញដំណើរការទំនើបកម្មរបស់អាស៊ីទៅមុខទៀតដោយឥតឈប់ឈរ។

សម្រាប់ចិន និងកម្ពុជា គួរតែធ្វើជាអ្នកត្រួសត្រាយនិងជាអ្នកគំរូ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាពនិងចីរភាព។

ដើម្បីសម្រេចបានការងារខាងលើនេះ ចិន និងកម្ពុជា យើងត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក ឱ្យបានស៊ីជម្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់ តាមវិធីរក្សាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ។ 

ជាមួយគ្នានេះ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។ 

ពោលគឺ ចិននិងកម្ពុជាយើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពកាន់តែខ្ពស់។ ក្នុងក្របខណ្ឌនេះយើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ទុកការអភិវឌ្ឍនិងប្រជាជនជាអាទិភាព ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។ ជាការចាំបាច់ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កាន់តែរឹងមាំនិងត្រចេះត្រចង់ រួមចំណែកក្នុងដំណើរការទំនើបកម្មនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងការងារពាណិជ្ជកម្មនេះ ចិននិងកម្ពុជាត្រូវតែរួមគ្នាពង្រឹងផងដែរ លើការងារការពារសន្តិសុខក្នុងលំដាប់ថ្នាក់កាន់តែខ្ពស់ តាមរយៈពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជ្រៀតជ្រែក ការប្រឆាំងការបំបែកខ្លួន និងការទប់ស្កាត់និងប្រឆាំងបដិវត្តន៍ពណ៌ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសមយុទ្ធរួមគ្នា ការធានាសន្តិសុខនៃគម្រោងខ្សែក្រវាត់និងផ្លូវ និងការឆ្លើយតបក្នុងគ្រាអាសន្នជាដើម ព្រមទាំងបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងអ៊ីនធឺណិត ដើម្បីបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ 

ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។

ជារួមចិន និងកម្ពុជា យើងត្រូវតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខដែលផ្តោតសំខាន់ទៅលើការងាររួមគ្នា គ្រប់ជ្រុងជ្រោយ សហការគ្នា និងនិរន្តរភាព ជំរុញយ៉ាងសកម្មនូវការតភ្ជាប់គោលគំនិតសន្តិសុខ និងរួមគ្នាលើកកម្ពស់សុខសន្តិភាពក្នុងតំបន់និងពិភពលោក។

សូមបញ្ជាក់ថា ប្រធានាធិបតីចិន ស៊ី ជីនពីង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥៕