ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ នេះ។

ការអញ្ជើញមកដល់របស់លោក ស៊ី ជីនពីង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទទួលស្វាគមន៍ប្រធានាធិបតីចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជាការផ្តល់កិត្តិយសដ៏ធំធេងដល់មហាមិត្តរបស់កម្ពុជា។ជាមួយគ្នានេះ ក៏មានការអមដំណើរដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោកប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់លោក ស៊ី ជិនពីង ក៏មានបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឈរអមសងខាងផ្លូវប្រមាណ៣ម៉ឺននាក់ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ លោកប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕






