លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានលើកឡើងលើបណ្តាញសង្គម(ហ្វេសប៊ុក)ផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមេសានេះថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីអង្គរដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរ បានរំឭកឡើងវិញនូវមរតកវប្បធម៌ដូនតា ដែលជាបេតិកភណ្ឌអរូបី នៅលើទឹកដីនៃបេតកភណ្ឌរូបី។

លោកបន្តថា រយៈពេល ៣ថ្ងៃនេះ អង្គរសង្រ្កាន្តបានផ្តល់នូវភាពសប្បាយរីករាយ អធិកអធម ព្រមទាំងស្នាមញញឹមរាប់មិនអស់របស់បងប្អូនជនរួមជាតិ មិត្តភក្តិបរទស ទាំងអ្នកដែលបានចូលរួមផ្ទាល់ ឬអ្នកគាំទ្រពីចម្ងាយ។ ផ្ទាំងទស្សនីយភាពចម្រុះដ៏វិចិត្រ កម្មវិធីសប្បាយៗគ្រប់ទម្រង់ ការរចនាទីតាំង និងការសម្របសម្រួលនានាបានបន្សល់នូវអនុស្សាវរីយ៍ចងចាំមិនភ្លេចសម្រាប់ ទាំងអ្នកចូលរួម ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត។
បើតាមលោក ហ៊ុន ម៉ានី ជោគជ័យរបស់អង្គរសង្រ្កាន្តគឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមយ៉ាងសកម្ម ការលះបង់ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំង ៥.៣៤៩ នាក់ បានឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាបានធ្វើឱ្យអង្គរសង្រ្កាន្តលេចជារូបរាងឡើង ហើយកាន់តែលេចធ្លោក្នុងនាមជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា។


ឆ្លៀតក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូង ជូនចំពោះឯកឧត្តម លោកជំទាវអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមនីមួយៗ ប្រធានក្រុមការងារ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីមោទនៈ។
សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ រួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ៕

